សប្បាយចិត្តណាស់ លទ្ធផលប្រលងចូលមហាវិទ្យាល័យរបស់ខ្ញុំចេញហើយ។ - សុទ្ធា ៖ សុភា លទ្ធផលប្រលងរបស់បងចេញហើយអូន បងជាប់ចូលរៀនមហាវិទ្យាល័យពាណិជ្ជកម្មហើយ។ - សុភា ៖ មែនហ្អេបង។ ពិតជាល្អខ្លាំងណាស់។ អូនសប្បាយចិត្តមែនទែន។ - សុទ្ធា ៖ ស្អែក បងទៅភ្នំពេញហើយ។ ហ៊ឹម លឺខ្ញុំដកដង្ហើមធំ សុភាធ្វើមុខឆ្ងល់ ព្រោះអស់ពីធ្វើមុខញញឹម ខ្ញុំក៏បែរជាធ្វើមុខស្រពោនទៅវិញ។ - សុភា ៖ យ៉ាងម៉េចហ្នឹងបង? - សុទ្ធា ៖ បងប្រាកដជានឹកអូនខ្លាំងមិនខានទេ។ - សុភា ៖ មើលបងនិយាយចុះ ធ្វើមើលតែ ភ្នំពេញ និងកំពង់ចាម ពិបាកទៅមករកគ្នាណាស់អ៊ីចឹង។ - សុទ្ធា ៖ ចុះបើបងនឹកអូន តើអោយបងធ្វើយ៉ាងម៉េចទៅ? រាល់ថ្ងៃ គ្រាន់បានឃើញមុខអូនញញឹមនេះ បងរស់មានសុភមង្គល អស់ស្ទះហើយ។ - សុភា ៖ ហាហាហា បងនិយាយអីទេ។ អូនដូចជាចង់អៀនណាស់។ - សុទ្ធា ៖ បើបងទៅបាត់ អូននឹកបងទេ? - សុភា ៖ មិនដឹងជាសួរអីអញ្ចឹងទេ បង? - សុទ្ធា ៖ បងសួរមែនណា។ បងដឹងថា បែកអូនម៉ានាទី ពិបាក ដកដង្ហើមប៉ុណ្ណា ចុះទំរាំខានឃើញមុខញញឹមស្រស់របស់អូនរាល់ថ្ងៃ បងច្បាស់ជាក្ស័យមិនខានទេ។ - សុភា ៖ កុំនិយាយលេងមើល។ - សុទ្ធា ៖ មើលមុខអូនក្រហមចុះ គួរអោយស្រលាញ់ខ្លាំងណាស់។ - សុភា ៖ ជំនាញបងហើយ អាពូកែញ៉ោះគេហ្នឹង។ - សុទ្ធា ៖ បើមិនញ៉ោះសង្សារខ្លួនឯង ទៅញ៉ោះសង្សារអ្នកដទៃ អោយគេវាយងាប់ទៅហ្អី? ពួកយើងទាំងពីរក៏ផ្ទុះសំណើចជាមួយគ្នា។ សុភា និងខ្ញុំ នៅផ្ទះជិតគ្នា។ ពួកយើងប្រហែលជាស្រលាញ់គ្នាយូរក្រែលដែរហើយ តែនាងទើបតែព្រមធ្វើជាសង្សារនឹងខ្ញុំ កាលពីឆ្នាំមុននេះឯង។ នាងសុភាព គួរអោយស្រលាញ់ណាស់។ ឪពុកម្តាយរបស់ខ្ញុំចូលចិត្តនាង ហើយហៅនាងតែកូនប្រសាររហូតមក។ កាលពីមុន ខ្ញុំខឹងនឹងពួកគាត់ណាស់ ដែលចេះតែហៅកូនស្រីបែបនេះ តែដល់តែនៅជិតនាងយូរ ក៏ឃើញនាងស្អាតឡើងៗជារាងរាល់ថ្ងៃ។ ខ្ញុំក៏សំរេចចិត្តសារភាពប្រាប់នាងតែម្តងទៅ ខ្ជិលនៅសូញសាញច្រើន នាំតែសាំតាប៉ែយូរ គេឆក់យកបាត់ ស្តាយក្រោយមិនខានទេ។ - សុភា ៖ បងទៅអំពេញមុនទៅ ឆ្នាំក្រោយខ្ញុំក៏នឹងទៅរៀននៅនោះដែរ។ - សុទ្ធា ៖ ដឹងហើយ តែមួយឆ្នាំ យូរណាស់ណា។ - សុភា ៖ មិនដឹងជាយូរអីទេ។ តែមិនស្រួល បងទៅដល់ទីក្រុង បងភ្លេចភាផង មិនដឹងទេ។ - សុទ្ធា ៖ ទាល់តែយូរបានភ្លេច។ បើអូនភា ស្អាតម្លឹងៗ មានស្រីណា មកអាចធ្វើអោយបងភ្លេចភាទេ។ - សុភា ៖ ស្រីនៅពេញ ស្អាតៗសឹងអីហ្នឹង។ - សុទ្ធា ៖ ស្អាតយ៉ាងណា ក៏មិនដល់ភារបស់បងដែរ។ - សុភា ៖ កុំចេះតែបញ្ជោរអូនអញ្ចឹងមើល៍។ - សុទ្ធា ៖ មុខក្រហមទៀតហើយ។ អូនភា ពិតជាគួរអោយស្រលាញ់ណាស់។ នៅជិតសុភាម្តងៗ ខ្ញុំសឹងតែទប់អារម្មណ៍របស់ខ្លួនឯងមិនបាន ជាពិសេស ថ្ពាល់ក្រហមរបស់នាង គួរអោយចង់ថើបខ្លាំងណាស់។ តែខ្ញុំមិនអាចធ្វើអ៊ីចឹងបានទេ។ កូនស្រីគេមានម៉ែមានឪ តែធ្វើផ្តេសផ្តាស ឪគេកាប់អាយៈក្បាលមិនខានទេ។ ព្រឹកឡើង ខ្ញុំឡើងឡានឈ្នួលមកភ្នំពេញ សុភា ចេញមកជូនដំណើររបស់ខ្ញុំដែរ។ យាយតា ពុកម៉ែ បងប្អូនរបស់ខ្ញុំ ចេញមកជូនខ្ញុំតែទាំងអស់ តែកែវភ្នែករបស់ខ្ញុំ មើលឃើញតែអូនភាមួយប៉ុណ្ណោះ។ មិនដឹងជាពុកម៉ែផ្តាំខ្ញុំអីខ្លះទេ ចេះតែបាទៗសិនទៅ។ មើលទៅអូនភា នាងក៏ដូចជាចង់រលីងរលោងទឹកភ្នែក។ ខ្ញុំជាកូនប្រុស មិនអាចយំបានមែន តែបេះដូងរបស់ខ្ញុំបានយំបាត់ទៅហើយ ព្រោះត្រូវតែបែកពីសង្សារសំណព្វចិត្តនៅគ្រានេះហើយ។ ថ្ងៃចូលរៀននៅមហាវិទ្យាល័យក៏មកដល់។ ខ្ញុំដើរចូលទៅ ទាំងមានអំនួតតិចៗនៅក្នុងចិត្ត។ កូនអ្នកស្រុកស្រែ បានមករៀននៅក្រុង មិនអោយមានអំនួត យ៉ាងម៉េចហ្នឹងកើតទៅ។ (នៅមានត) ……………………………. ស្លេះត្រឹមនេះសិន ចាំស្អែក ចាំទំនេរសរសេរតទៀត។ ហេហេហេ ពីកូនជ្រូក7ពណ៌ ដ៏កំជិល
Tuesday, September 29, 2009
រឿងខ្លី ៖ គ្មានសិទ្ធិ (2)
- អេ ទើបមកថ្មីហ្អ? - សុទ្ធា ៖ បាទ បាទ។ ខ្ញុំងាកមើលអ្នកកេះខ្នងរបស់ខ្ញុំ គឺជាក្មេងស្រីម្នាក់ មានរូបរាងតូចល្អិត។ មើលទៅនាង គឺក្មេងជាងខ្ញុំទៅទៀត ហេតុអ្វីមិនហៅខ្ញុំ បង បែរជាសួរខ្ញុំធ្វើមើលតែខ្ញុំហ្នឹង ប្អូនតូចជាងនាងអ៊ីចឹង។ - រកថ្នាក់រៀនហ្អ? - សុទ្ធា ៖ បាទ។ អូ អឺ ហ្នឹងហើយ។ - រៀនឆ្នាំទីប៉ុន្មាន? - សុទ្ធា ៖ ឆ្នាំទីមួយ បន្ទប់លេខ15។ - អូ នៅជាន់ទីពីរ ម៉ោះ ខ្ញុំជូនទៅ។ ហ្អាក នៅទីក្រុង មានមនុស្សចិត្តល្អបែបនេះផង។ មិនប្រាប់ផ្លូវទៅ សុទ្ធតែជូនទៅដល់បន្ទប់ទៀត ឡូយអស់ទាស់។ នាងដើរខាងមុខ ខ្ញុំដើរតាមនាង។ ខ្ញុំអាចមើលរូបរាងរបស់នាងពីក្រោយខ្នង ដោយមិនចាំបាច់ខ្លាចចិត្តទេ។ នាងមានកំពស់ប្រហែលជា1ម៉ែត្រ50ជាងអីហ្នឹង។ ស្គមបែបនេះ ប្រហែលជាជាង 40គីឡូ។ សក់របស់នាងខ្លីត្រឹមក។ នាងស្ពាយកាតាបចំហៀងពណ៌ខៀវ ហើយមានបន្តោងសោរូបសញ្ញាអីមិនដឹងទេ ពណ៌ក្រហម។ ដើរបានបន្តិច នាងងាកមកញញឹមដាក់ខ្ញុំ។ ខ្ញុំភ្ញាក់ព្រើត ហើយដូចជាអៀនដែរ ដែលកំពុងសំលឹងមើលនាងពីក្រោយ តាំងពីលើក្បាលដល់ចុងជើង។ - មកពីស្រុកណាដែរ? - សុទ្ធា ៖ បាទ គឺមកពីកំពង់ចាម។ ម៉េចក៏ដឹងថា ខ្ញុំមកពីស្រុក? - ព្រោះប្រុសនៅពេញនេះ គ្មាននរណា គេឆ្លើយបាទ ដាក់ខ្ញុំផង។ ហាហាហា ខ្ញុំដូចជាអៀននឹងក្មេងស្រីម្នាក់នេះណាស់ នៅពេលនាងនិយាយបែបនេះ។ នាងសើចយ៉ាងសប្បាយ ប្រៀបដូចជាចំអកអោយខ្ញុំ តែក៏ដូចជាមិនមែន ដូចជាដើម្បីរាក់ទាក់នឹងខ្ញុំច្រើនជាង។ នៅពេលនាងនិយាយ គឺនាងបញ្ចេញស្នាមញញឹមជាប់ជានិច្ច។ នាងនិយាយៗៗៗៗ តែខ្ញុំបែរជាស្លុងនឹងស្នាមញញឹមចេញពីបបូរមាត់របស់នាង។ ខួរក្បាលរបស់ខ្ញុំមិនបានចាប់យកអ្វីដែលនាងនិយាយនោះទេ គឺគិតតែពីបបូរមាត់របស់នាង ដែលញញឹមមិនចេះហត់នោះប៉ុណ្ណោះ។ - ដល់ហើយ។ នេះថ្នាក់រៀន។ - សុទ្ធា ៖ បាទ បាទ អរគុណ។ អឺ ឈ្មោះអីដែរ? - ចុះប្រាប់អំបាញ់មិញហើយតើថា ឈ្មោះ វឌ្ឍនា។ សុទ្ធា កំពុងតែគិតទៅដល់ណា បានជាមិនលឺឈ្មោះរបស់ខ្ញុំប្រាប់។ អូ ព្រះ ម៉េចក៏នាងដឹងថា ខ្ញុំឈ្មោះសុទ្ធា។ ប្រហែលជាអំបាញ់មិញ នាងសួរខ្ញុំច្រើនពេក ខ្ញុំក៏ចេះតែឆ្លើយ តែភ្លឹកនឹងបបូរមាត់ញញឹមរហូតរបស់នាងហ្នឹងហើយ បានជាមិនដឹងខ្លួនសោះ។ - សុទ្ធា ៖ អត់ទេ គឺដូចជាប្លែកសាលា។ នាងសើច ហើយដើរចូលថ្នាក់នោះដែរ។ ខ្ញុំឃើញនាងបោះកាតាប អង្គុយតុមួយនៅជិតបង្អួច ហើយឃើញនាងនិយាយជាមួយមនុស្សប្រុសស្រីក្នុងថ្នាក់រៀនជាច្រើននាក់។ ការពិត នាងជូនខ្ញុំមកថ្នាក់នេះ មកពីនាងរៀនជាមួយនឹងខ្ញុំដែរតើ។ ចិត្តមួយរបស់ខ្ញុំ ស្រាប់តែមានអារម្មណ៍ត្រេកអរ។ អ្នកទីក្រុងទីមួយ ដែលខ្ញុំទើបនឹងជួបរៀនជាមួយនឹងខ្ញុំដែរ។ ត្រលប់មកដល់ផ្ទះវិញ ខ្ញុំហាក់ដូចជាឯកោរ។ នៅម្នាក់ឯង ធ្វើអោយខ្ញុំនឹកដល់អូនភាជាខ្លាំង។ ខ្ញុំក៏ចាប់ក្រដាស គិតថា នឹងសរសេរសំបុត្រទៅនាងភ្លាមដែរ។ ដៃកាន់ប៊ិចបណ្តើរ រកនឹកថា នឹងចាប់ផ្តើមសរសេរពាក្យអ្វីមុនគេបណ្តើរ។ អូនភាសំលាញ់ចិត្តបង សរសេរអ៊ីចឹង ម៉ែគេឃើញ ខ្ញុំច្បាស់ជាបានស៊ីក្រញ៉ជាមិនខានទេ។ មកដល់ភា សរសេរបែបនេះ គ្រាន់បើតិច។ ប៉ុន្មានខែក្រោយមក ខ្ញុំកាន់តែសិ្នទ្ធស្នាលនឹងវឌ្ឍនាទៅៗ។ នាងជាមិត្តនារីតែម្នាក់គត់ ដែលជាមិត្តជិតស្និទ្ធនឹងខ្ញុំ។ តែខ្ញុំមិនមែនជាមិត្តប្រុសតែម្នាក់គត់ ដែលជាមិត្តស្និទ្ធស្នាលរបស់នាងទេ។ - វឌ្ឍនា ៖ ហេយ គិតអីហ្នឹង សុទ្ធា? - សុទ្ធា ៖ មានគិតអីណា។ - វឌ្ឍនា ៖ ប្រហែលនឹកសង្សារទៀតហើយហ្នឹង។ ហាហាហា ខ្ញុំស្រាប់តែចាប់ភ្លឹកថា ខ្ញុំមានសង្សាររួចហើយ។ ហេតុអ្វីខ្ញុំនៅគិតចំពោះមនុស្សស្រីនៅឈរចំពោះមុខខ្ញុំម្នាក់នេះទៀត? ហេតុអី? រឺក៏ខ្ញុំជាប្រុសព្រានដូចដែរ នារីៗឧស្សាហ៍ជេរនោះមែន? ប្រុសចិត្តពីរ? - សិរីបុត្រ ៖ វឌ្ឍនា ល្ងាចហ្នឹងទំនេរទេ? ទៅស្តាត ហែលទឹកហ្អេ? - វឌ្ឍនា ៖ មិនទៅស្តាតទេ ទឹកគគ្រិចសឹងអីហ្នឹង? - សិរីបុត្រ ៖ ចុះចង់ហែលទឹកនៅណាចុះ? - វឌ្ឍនា ៖ ទៅវីអាយភីទៅ។ - សិរីបុត្រ ៖ ថ្លៃណាស់នៅហ្នឹងនោះ។ - វឌ្ឍនា ៖ ទៅអត់? - សិរីបុត្រ ៖ ទៅទៅ វឌ្ឍនានិយាយបណ្តើរ ក៏ដើរជាមួយនឹងសិរីបុត្រចេញទៅក្រៅថ្នាក់បណ្តើរ។ ខ្ញុំស្រាប់តែចំលែកចិត្តណាស់។ ខ្ញុំដូចជាមានអារម្មណ៍ថា ខឹងនឹងនាង នៅពេលដែលឃើញនាងទៅសិ្នទ្ធស្នាលនឹង ប្រុសផ្សេងទៀតបែបនេះ។ ខ្ញុំក៏មិនយល់ពីអារម្មណ៍របស់ខ្លួនឯងដែរ ហេតុអីខ្ញុំចង់ហួងហែងនាងទុកតែម្នាក់ឯង? បើខ្ញុំមានសង្សារមួយនៅយ៉ាងជ្រងោទៅហើយនោះ។ ខ្ញុំគ្មានសិទ្ធិទៅឃាត់នាងមិនអោយស្និទ្ធស្នាលនឹងប្រុសដទៃនោះទេ។ ខ្ញុំគ្មានសិទ្ធិឃាត់នាងមិនអោយញញឹមដាក់ប្រុសដទៃទេ។ ខ្ញុំគ្មានសិទ្ធិឃាត់ទុកស្នាមញញឹមរបស់នាងសំរាប់តែខ្ញុំម្នាក់នោះទេ។ ខ្ញុំខឹងនឹងខ្លួនឯង ដែលគ្មានសិទ្ធិ។ ខ្ញុំខឹងនឹងខ្លួនឯង ដែលមិនអាចនិយាយប្រាប់នាងបានថា ខ្ញុំចូលចិត្តនាង។ ខ្ញុំប្រហែលជាស្រលាញ់នាងទេដឹង? អត់ទេ ខ្ញុំស្រលាញ់សង្សាររបស់ខ្ញុំណាស់។ ខ្ញុំមិនចង់បាត់បង់សង្សាររបស់ខ្ញុំនោះទេ។ ខ្ញុំតែងតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីរក្សាចំណងស្នេហារបស់ពួកយើងកន្លងមក។ នៅមិនយូរខែទៀតទេ នាងនឹងមករៀននៅភ្នំពេញហើយ។ ចិត្តខ្ញុំច្របូកច្របល់ រហូតធ្វើអោយខ្ញុំដូចជាខឹងដោយទាំងសិរីបុត្រនោះទៀត។ ប្រសិនបើខ្ញុំត្រូវខឹងប្រុសទាំងអស់ដោយសារតែវឌ្ឍនា ខ្ញុំក៏ប្រហែលជានឹងក្លាយទៅជាសត្រូវរបស់បុរសទាំងអស់ក្នុងសាលារៀននេះ ព្រោះតែវឌ្ឍនាជាមនុស្សមានប្រជាប្រិយភាពម្នាក់។ នាងរាប់អានមិត្ត មិនរើសឋានៈ មិនរើសភេទ មិនរើសជំនាន់ មិនរើស … ខ្ញុំមិនអាចមើលដឹងចិត្តនាងថា នាងចូលចិត្តនរណាម្នាក់ខ្លាំងជាងនរណានោះទេ។ ខ្ញុំក៏មិនដឹងថា នាងចូលចិត្តខ្ញុំប៉ុណ្ណាដែរ។ តែខ្ញុំដឹងខ្លួនឯងថា ខ្ញុំចូលចិត្តនាងខ្លាំង ខ្លាំង ខ្លាំង ខ្លាំងណាស់ រហូតបុណ្យរាល់ថ្ងៃ កុំអោយមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ព្រោះខ្ញុំមិនអាចជួបមុខនាងទេនៅថ្ងៃសំរាកទាំងពីរថ្ងៃនេះ។ ហើយថ្ងៃទាំងពីរនោះ ទោះជាមួយថ្ងៃមានតែ24ម៉ោងដូចថ្ងៃទូទៅដែរ តែខ្ញុំមានអារម្មណ៍ថា មួយវិនាទីៗដើរយឺតជាងថ្ងៃណាៗទាំងអស់។ ហេតុអ្វីខ្ញុំត្រូវនឹកវឌ្ឍនាទៀតក្នុងពីរថ្ងៃនោះ? ខ្ញុំគួរតែនឹកដល់សុភាទើបត្រូវ។ - វឌ្ឍនា ៖ ណេះអោយឯង។ - សុទ្ធា ៖ ស្អីគេហ្នឹង? - វឌ្ឍនា ៖ គឺបន្តោងសោរដាក់រូបថត។ វឌ្ឍនាហុចបន្តោងសោរដាក់រូបថតមកអោយខ្ញុំ។ ខ្ញុំទទួលមកនៅនឹងដៃ ហើយសំលឹងមើលទៅម្ខាង មានរូបថតរបស់ខ្ញុំ គឺជារូបថត ដែលនាងសុំខ្ញុំកាលពីថ្ងៃមុនតើ។ ចុះរូបម្ខាងទៀតនោះជារូបនរណា? (នៅមានត) ……………………… (ក្រៅឆាក) - កូនជ្រូក ៖ ខ្ជិលណាស់ ទៅផឹកកាហ្វេម៉ាកែវសិន ព្រោះងងុយដេកតិចៗ។ - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ ងាប់ហើយ ធ្វើការអីក៏យឺតម្ល៉េះ។ នេះគេហៅថា ធ្វើការដៃមួយ យកលុយដៃពីរតើ។ - កូនជ្រូក ៖ កុំចេះតែថាណា មិនមែនត្រឹមតែដៃពីរទេ។ ការពិត ខ្ញុំរត់ថែមទាំងជើងពីរទៅកន្លែងគណនេយ្យទៀតណ៏ អោយតែដល់ថ្ងៃទី29។ - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ ??? (គ្មានវាចារនឹងថ្លែង)
Posted by
khmer
រឿង កាត់ចិត្តពីបង
ទាញយករឿង កាត់ចិត្តពីបង ……………………… មនុស្សប្រុស និងមនុស្ស ស្រី ពិតជាមានតំរូវការផ្លូវភេទ មិនដូចគ្នាមែនហ្អ? មិនដឹងដែរ នេះគ្រាន់តែជារឿងខ្លីមួយ ដែលកូនជ្រូក ដឹងពីបុរសម្នាក់ប្រាប់ប៉ុណ្ណោះ។ សូមទុកអោយអ្នកអាន ពិចារណាខ្លួនឯងទៅ។ ហេហេហេ ពី កូនជ្រូក7ពណ៌
Posted by
khmer
រឿង កាត់ចិត្តពីបង
ទាញយករឿង កាត់ចិត្តពីបង ……………………… មនុស្សប្រុស និងមនុស្ស ស្រី ពិតជាមានតំរូវការផ្លូវភេទ មិនដូចគ្នាមែនហ្អ? មិនដឹងដែរ នេះគ្រាន់តែជារឿងខ្លីមួយ ដែលកូនជ្រូក ដឹងពីបុរសម្នាក់ប្រាប់ប៉ុណ្ណោះ។ សូមទុកអោយអ្នកអាន ពិចារណាខ្លួនឯងទៅ។ ហេហេហេ ពី កូនជ្រូក7ពណ៌
Posted by
khmer
ហេតុអី បានជាមនុស្សប្រុសចូលចិត្ត ផា គ្នាម្ល៉េះ?
វាជារឿងគួរអោយចំលែកម្យ៉ាងដែរ។ កូនជ្រូក តែងសង្កេតឃើញថា មនុស្សប្រុស ដែលចូលចិត្ត ផា រឺ ឌឺ អោយគ្នា កាន់តែញឹកញាប់ គឺកាន់តែជាមិត្តជិតស្និទ្ធិនឹងគ្នា។ មិនដឹងដែរ ប្រហែលជាធម្មជាតិរបស់ប្រុសទេដឹង។ គេមិនសូវនិយាយសរសើរគ្នា តែចូលចិត្តបង្អាប់គ្នាវិញ។ ខុសពីមនុស្សស្រី ចូលចិត្តសរសើរគ្នា តែមិនចូលចិត្តបង្អាប់ ព្រោះដឹងថា មិត្តរបស់ខ្លួនមិនចូលចិត្តទទួលការបង្អាប់ទេ។ ដូចជាតាក្លូ ឧស្សាហ៍និយាយលេង មនុស្សមិនស៊ីជោរទេ តែបើបង្អាប់វិញ ខឹងដាច់ក្បាលដាច់កន្ទុយអីលូវ។ ចំលែកដែរប្រុសៗ តែក៏សូមសរសើរ ដែលចិត្តទូលាយ មិនប្រកាន់នឹងគ្នា។ ការរាប់អាន មនុស្សស្រី និងមនុស្សស្រី មានការគោរពគ្នាច្រើនជាង ការរាប់អានរវាងមនុស្សប្រុសនិងមនុស្សប្រុស តាំងពីពាក្យសំដី តាំងពីកាយវិការ។ វាម្យ៉ាងម្នាក់។ កូនជ្រូក មានទាំងពួកម៉ាកស្រី មានទាំងពួកម៉ាកប្រុស។ បើអារឿង ឌឺដង ផា អីហ្នឹង ចេះពីពួកម៉ាកប្រុសទេ ព្រោះធ្លាប់ស្ពឹកមុខជាច្រើនដង ដោយសារតែ ផា ចាញ់គេជាញឹកញាប់។ អាជំនាញ ផា ហ្នឹង ទាល់តែពូកែពីកំណើតដែរហ្នឹង បើមិនអ៊ីចឹង ក៏រកនឹក ឌឺ វិញមិនទាន់សភាពការ ក៏ស្ពឹកនៅហ្នឹងតាហ្មងទៅ។ ហេតុអីក៏ប្រុសចូលចិត្ត ផា ? ជួយឆ្លើយផង បានទេ? សំនួរពី កូនជ្រូក7ពណ៌
Posted by
khmer
រឿង គ្មានសិទ្ធិ (3)
ឌុកដាក់ ឌុកដាក់ ឌុកដាក់ ខ្ញុំសឹងតែមិនចង់បង្វិលមើលម្ខាងទៀតនោះទេថា វាជារូបនរណា។ តែដៃតូចៗរបស់វឌ្ឍនា ក៏មកចាប់បន្តោងសោនោះ ហើយបើកម្ខាងទៀតអោយខ្ញុំមើល។ - វឌ្ឍនា ៖ រូបម្ខាងនេះ ទុកដាក់រូបរបស់សង្សារ សុទ្ធា ទៅ ព្រោះឃើញអង្គុយស្លុង នឹកគេជារាល់ថ្ងៃ។ ហាហាហា វឌ្ឍនានិយាយហើយ ក៏សើចយ៉ាងសប្បាយ ដូចជាមនុស្សមិនមានទុក្ខកង្វល់សោះ។ នាងជាមនុស្សពូកែគិតគូរដល់អ្នកដទៃមែន។ តែនាងដឹងដែរទេថា ការយកចិត្តទុកដាក់របស់នាង ធ្វើអោយបេះដូងរបស់ខ្ញុំនេះ ក្រលាប់ចាក់ មិនដឹងខុសមិនដឹងត្រូវ។ មានម្ចាស់ចិត្តរួចហើយ បែរជាមានរូបវឌ្ឍនាលាតពេញបេះដូងទៅវិញនោះ។ នាងដឹងទេថា ភាពជាមនុស្សស្រីគួរអោយខ្នាញ់ គួរអោយស្រលាញ់នេះ កំពុងធ្វើអោយ មនុស្សប្រុសម្នាក់ ដែលនាងចាត់ទុកត្រឹមជាមិត្តធម្មតានេះ សៅហ្មងរាល់ថ្ងៃនោះ។ នាងប្រហែលជាមិនដឹងអីនោះទេ ទើបបានជានាងនៅតែរក្សាបាន នូវស្នាមញញឹមមិនចេះហត់របស់នាង។ ខ្ញុំពិតជាពិបាកទ្រាំខ្លាំងណាស់។ នៅចំពោះមុខរបស់នាង ខ្ញុំត្រូវធ្វើខ្លួនអោយល្អ ជាមិត្តល្អ ជាមនុស្សល្អប្រពៃ គោរពនារី។ តែនាងដឹងទេថា ដៃតូចៗរបស់នាងនេះ គួរអោយចាប់កាន់យ៉ាងណា។ ដៃតូចៗមួយនេះ ហេតុអីក៏ត្រូវទៅកាន់ស្មាប្រុសៗដទៃផងនោះ។ នាងមានដឹងទេថា មនុស្សប្រុសចូលចិត្តបន្លំណាស់។ មានមិត្តប្រុសក្នុងថ្នាក់ខ្លះ ក៏ចាប់នាងអោបលេង តែធ្វើជារបៀបមិត្តភាព នាងក៏នៅតែញញឹម មិនប្រកាន់។ នាងមិនដឹងថា គេបន្លំ រឺក៏នាងធ្វើជាល្ងង់មិនដឹង ព្រោះនាងចូលចិត្តរបៀបនេះដែរ ជាពិសេស គឺសិរីបុត្រម្នាក់នោះ ដែលតែងតែចាប់កដៃរបស់នាងលេង រឺក៏កៀកស្មានាងលេង រឺក៏អោបនាងលេង ជាញឹកញាប់។ ឃើញម្តងៗ ខ្ញុំសឹងតែដាល់មុខអាមនុស្សពូកែបន្លំម្នាក់នេះទៅហើយ តែខ្ញុំគ្មានសិទ្ធិទេ។ ខ្ញុំគ្មានសិទ្ធិទេ។ - វឌ្ឍនា ៖ យ៉ាងម៉េចហ្នឹង គ្រាន់តែបន្តោងសោរមួយ ក៏ធ្វើមុខដូចជាចង់យំ? នែ នេះជាកាដូពីពួកម៉ាកធម្មតាទេ មិនចាំបាច់ចាត់ទុកថា វាពិសេសអីទេណា។ - សុទ្ធា ៖ ខ្ញុំ ខ្ញុំ - វឌ្ឍនា ៖ ដឹងហើយ ដឹងហើយ ថា ចង់អរគុណ តែមិនបាច់ទេ។ សំលេងក្រិកក្រឺងនៅនឹងបន្តោងកាបូបបន្លឺឡើងដោយសារតែខ្យល់បក់មក។ ខ្ញុំចាប់អារម្មណ៍ឃើញមានបន្តោងមួយថ្មីទៀត នៅលើកាបូបរបស់នាង។ វាមិនមានតែរូបសញ្ញាមែនឈេសស្ទ័រទៀតទេ។ វាជាបន្តោងថ្មីមួយ ដែលខ្ញុំស្គាល់មនុស្សក្នុងបន្តោងនោះច្បាស់។ វាជារូបរបស់នាង។ ចុះម្ខាងទៀត ជារូបរបស់នរណា? - វឌ្ឍនា ៖ ស្រលាញ់បន្តោង នៅលើកាបូបវឌ្ឍនាវិញហ្អ? ខ្ញុំគ្រវីក្បាល។ - វឌ្ឍនា ៖ ល្ងាចនេះ ទៅហែលទឹកទេ? - សុទ្ធា ៖ ទៅហែលនៅណា? - វឌ្ឍនា ៖ នៅវីអាយភី។ - សុទ្ធា ៖ នៅទីនោះថ្លៃណាស់។ - វឌ្ឍនា ៖ ថ្លៃបន្តិច តែទឹកវាស្អាតណាស់។ តែមិនអីទេ ចាំពេលពួកខ្ញុំទៅហែលនៅស្តាត ចាំបបួលសុទ្ធាទៅដែរ។ ខ្ញុំលឺនាងបបួល មានរឿងអីខ្ញុំមិនចង់ទៅ តែនេះដល់ចុងខែទៅហើយ មិនទាន់បានទទួលលុយម៉ែផ្ញើមកទៀតផង។ នេះ ខ្ញុំដាច់ខែ ដាច់ខ្យល់ ដូចតែចាស់ៗឧស្សាហ៍និយាយមែន។ ខ្ញុំមិនហ៊ានចាយផ្តេសផ្តាសទេ ព្រោះម៉ែពុករកលំបាកណាស់ ទំរាំបានផ្ញើមកម្តងៗ។ ដើម្បីសងគុណពួកគាត់ ខ្ញុំមានតែខំរៀនតែមួយមុខ។ សង្ឃឹមថា ចប់មហាវិទ្យាល័យ នឹងរកបានការងារល្អ ជួយរកប្រាក់ចំណូលចូលផ្ទះវិញ។ - សិរីបុត្រ ៖ វឌ្ឍនា ល្ងាចនេះ មានតែយើងពីរនាក់ទេ អាគី អាធី អារដ្ឋ អី ពួកវាមិនទំនេរទេ។ មានតែវឌ្ឍនា និងសិរីបុត្រ ទៅហែលទឹកតែពីរនាក់រឺ? បើទុកឱកាសអោយគេនៅតែពីរនាក់បែបនេះ មិនដឹងជាសិរីបុត្រនេះ នឹងបន្លំវឌ្ឍនាប៉ុណ្ណាទេ។ ខ្ញុំគួរតែទៅ យ៉ាងហោចណាស់ ក៏មិនអោយសិរីបុត្រធ្វើផ្តេសផ្តាសដាក់វឌ្ឍនាដែរ។ ទោះជាខ្ញុំមិនមែនទៅ ក្នុងឋានៈជាសង្សារ ដើម្បីហួងហែងនាង តែជាវត្តមានរបស់ខ្ញុំ អាចជួយការពារមិត្តល្អរបស់ខ្ញុំម្នាក់នេះ ពីក្រញ៉ាំរបស់កញ្ជ្រោង សិរីបុត្រនេះបាន។ បញ្ហាត្រង់ ខ្ញុំបានលុយមកពីណា នឹងទៅបង់ថ្លៃហែលទឹកនេះ? (នៅមានត) …………………….. (ឈុតក្រៅឆាក) នៅទីស្នាក់ការបោះពុម្ពផ្សាយ ទស្សនាវដ្តី កូនសោរជីវិត។ - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ កូនជ្រូក ដេកលក់ ទៀតហើយ? ងាប់ហើយ សរសេរបានតែបន្តិច ដេកលើកុំព្យូទ័រទៅហើយ។ - អគ្គលីបុត្រ ៖ កុំមាត់ លឺថា យប់មិញ រវល់តែទៅប្រជុំ នៅសមាគមនារីសំបូរសាច់។ ដាច់យប់ ទើបបានជាមកដេកលក់ពេលថ្ងៃអាចឹង? - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ តែអ្នកអាន កំពុងតែតាមដានណា។ បើយ៉ាងនេះៗ ច្បាស់ជាបាត់អ្នកអានរបស់ទស្សនាវដ្តី កូនសោរជីវិត អស់ហើយ។ - អគ្គលីបុត្រ ៖ ចុះមិនចេញរឿងរបស់តាក្លូមុនទៅ? - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ កុំនិយាយពីតាក្លូ តាំងពីទៅដកមេមក មិនទាន់ឃើញត្រលប់មកវិញទេ ថ្មើណេះហើយ។ ច្បាស់ជាបិទទ្វារមិនខានទេ ទស្សនាវដ្តី កូនសោរជីវិត នេះ។ រួចរឿងរបស់ អគ្គលីបុត្រនោះ សរសេរហើយនៅ នឹងអាលបោះពុម្ពផ្សាយ? - អគ្គលីបុត្រ ៖ ហេហេហេ - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ អាញឹមស្អី? អូនេះ ច្បាស់ជាមិនទាន់ហើយទេ មែនទេ? - អគ្គលីបុត្រ ៖ អឺ គឺ។ និយាយអ៊ីចឹង នៅសមាគមនារីសំបូរសាច់នោះ គេប្រជុំពីអីខ្លះទៅ? - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ ម៉េចក៏ចង់ដឹង? - អគ្គលីបុត្រ ៖ នោះមើលកូនជ្រូក មមើលចុះ លឺតែ សំលាប់ៗៗៗ - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ ???
Posted by
khmer
ទស្សនាវដ្តី
នៅទីស្នាក់ការ ទស្សនាវដ្តី កូនសោរជីវិត។ តុក តុក តុក - អគ្គលីបុត្រ ៖ ចុះនរណាមក? កូនជ្រូកទៅបើកទ្វារមើល៍! - កូនជ្រូក ៖ ខ្ជិលណាស់ ទៅបើកខ្លួនឯងទៅ! អគ្គលីបុត្រ ក៏ចេញទៅបើកទ្វារ។ - អគ្គលីបុត្រ ៖ តាក្លូ!!! រួចម៉េចក៏មិនបើកទ្វារខ្លួនឯង? - តាក្លូ ៖ បើក ម៉េច បើដៃបើក មានដល់ទៅពីរ មិនដឹងបើកអាមួយណា។ - អគ្គលីបុត្រ ៖ ចេះតែថា មានតែមួយតើ។ នេះ គឺដៃបើក។ មួលតែតិច ក៏បើកបានហើយ។ - តាក្លូ ៖ ស្អី មានពីរជាប់គ្នាទៀត។ ភ្នែកឯង ម្ញ៉ូប ហ្អ? បានជាឃើញតែមួយ។ អគ្គលីបុត្រ ហិតក្លិន ជាប់ខ្លួនតាក្លូ។ - អគ្គលីបុត្រ ៖ ងាប់ហើយ ស្អុយស្រាអោយហួង។ នេះច្បាស់ជាទើបមកពីដកមេទៀតហើយ។ អាចឹងតើ បានជាឃើញដៃបើកទ្វារ ដល់ទៅពីរ។ តាហ្នឹងហើយ ស្រវឹងដល់កហើយ បានជាចឹង។ - តាក្លូ ៖ ហាហាហា មិនមែនទេ។ ភ្នែកចាស់ ជួនកាលស្រវ៉ាំងចឹងហើយ។ - អគ្គលីបុត្រ ៖ មិនដឹងជាស្រវ៉ាំង រឺស្រវឹងទេ។ សំលេងទូរស័ព្ទអគ្គលីបុត្ររោទ៍ឡើង។ - អគ្គលីបុត្រ ៖ អាឡូ។ អឺ អញ។ ស្អីគេសង្សាររត់ចោល? ផឹកនៅណា? ជិតអាលីយ៉ង់? អើ ចាំដល់ម៉ោងចេញពីធ្វើការ អញទៅ។ អើ។ បានហើយ។ អគ្គលីបុត្រ ដាក់ទូរស័ព្ទចុះ។ ងាកមុខឆ្វាច់ ឃើញកូនជ្រូកធ្វើមុខស្ញេញបញ្ចេញធ្មេញម៉ាក្រាសដាក់។ ឯតាក្លូ ញញឹម ព្រមទាំងភ្នែកមានពន្លឺព្រេចៗៗ។ - អគ្គលីបុត្រ ៖ មិនអោយទៅតាមទេ មិនចាំបាច់ធ្វើមុខចឹងទេ។ - តាក្លូ ៖ ទៅដែរ ណា ណា ។ ពួកម៉ាកខូចចិត្តចឹង ច្បាស់ជាចង់ផឹកហើយ។ នេះតាអ៊ិចស្ពើតខាងផឹក អាចកំដរបានម៉ាសេរី។ ណា ណា ណា ។ ចៅឯងមិនសូវចេះផឹកទេ ទុកអោយតាកំដរពួកម៉ាកដែរទៅ។ - អគ្គលីបុត្រ ៖ ក៏បាន។ តែកូនជ្រូក គ្មានផ្លូវទេ។ - កូនជ្រូក ៖ ម៉េចចឹង? អោយតាក្លូទៅ អត់អោយកូនជ្រូកទៅ មាននរណាឆីសាច់ក្លែមនោះ។ ច្បាស់ជាសល់ចោលហើយ។ អ្នកផឹកមិនសូវឆីអីផងហ្នឹង។ ណា ទៅដែរណា ណា ណា។ - អគ្គលីបុត្រ ៖ មិនបានទេ។ នរណាមានលុយចេញថ្លៃម្ហូបសំរាប់ឯងនោះ ស៊ីមើលតែជ្រូក។ - កូនជ្រូក ៖ បើមិនអោយទៅ តេប្រាប់សង្សារបុត្រថា បុត្រទៅស៊ីផឹក អត់សន្សំលុយសំរាប់ ចូលដណ្តឹងនាង រៀបការទេ។ - អគ្គលីបុត្រ ៖ បាន បាន យាយប៉ិនោះ កាចផង តែមិនស្រួលបានស៊ីពីរពិលមិនខានទេអញ។ - កូនជ្រូក ៖ ហេហេហេ មិនដឹងជាស្រមៃដល់ណាទេ នាងកូនជ្រូក ហៀរទឹកមាត់បណ្តើរៗបាត់ទៅហើយ។ ចូលក្នុងហាងស៊ីផឹកមួយ នៅជិតអាលីយ៉ង់ ក្បែរអូរឫស្សី។ អគ្គលីបុត្រ នាំនាងកូនជ្រូក និងតាក្លូ ចូលទៅតុមួយ ដែលមានកំលោះម្នាក់អង្គុយនៅនោះ។ - អគ្គលីបុត្រ ៖ នេះសាម៉ាឌី។ សាម៉ាឌី នេះ តាក្លូ និងកូនជ្រូក។ - សាម៉ាឌី ៖ នឹងរឺ កូនជ្រូក? អ្នកសរសេររឿងស្នេហានោះ? - អគ្គលីបុត្រ ៖ នឹងហើយ។ យ៉ាងម៉េច ក៏ធ្វើមុខភ្ញាក់ផ្អើលម៉េះ ហ្អា? - សាម៉ាឌី ៖ ក្រែងថា កន្ធីងកន្ធាត់ណាស់នោះ? - អគ្គលីបុត្រ ៖ វាត្រូវ ចៅហ្វាយកាត់ប្រាក់ខែពាក់កណ្តាល ព្រោះវាកុំម្មង់ភីស្សាច្រើនពេក ពេលធ្វើការហួសម៉ោង បានជាវាស្រកសាច់អស់ជាង10គីឡូហ្នឹង។ - សាម៉ាឌី ៖ ចឹងហ្អ? សាម៉ាឌីរអ៊ូរទាំរឿងរ៉ាវស្នេហារបស់គេអោយអគ្គលីបុត្រស្តាប់។ តាក្លូ គិតតែពីហៅប៊ីយែរ និងលើកដាច់។ កូនជ្រូកគិតតែពួយសាច់ក្លែម មិនខ្ចីរវល់ស្តាប់អីទេ។ - សាម៉ាឌី ៖ អញអស់អីអួតទៀតហើយ អាបុត្រអើយ។ គេនឹងរើសម្នាក់នៅស្រុកក្រៅនោះហើយ ព្រោះប្រាក់ខែគេច្រើនអស់ស្ទះ។ - អគ្គលីបុត្រ ៖ កុំភ័យពួកម៉ាក! មានច្រើនណាស់ ចង់បានលេខទូរស័ព្ទ ទៅយកនៅផ្ទះអញទៅ ចង់បានអាម៉ាកណាក៏បានដែរ! មានម៉ាកំផ្លេរ ចង់ម៉ាអាទិត្យ ម៉ាខែ ឬម៉ាង៉ៃ ក៏មានដែរ! - សាម៉ាឌី ៖ កុំនិយាយលេងមើលអានេះ។ អញនិយាយមែនណា។ អញស្រលាញ់ម្នាក់ហ្នឹងណាស់ ចង់ការជាពីពន្ធទៀត តេសួរម៉ែគេបងស្រីគេ ក៏ដឹងរឿងថា គេម្នាក់នឹងមានកង់សាគួរបីបួនចឹងទៅ។ អញខូចចិត្ត ជាងគេ ត្រង់ ម៉េចក៏គេមិនប្រាប់អញផ្ទាល់មាត់។ ចាំដល់អញទៅដឹងរឿងហ្នឹង ពីគ្រួសាររបស់គេវិញ ចឹង? កូនជ្រូកខោកក្បាលរបស់សាម៉ាឌីម៉ាដៃ។ - កូនជ្រូក ៖ បើសិនគេប្រាប់ឯង ម៉េចនឹងបានឯង ធ្វើជាកង់ស្រគួរមួយទៀតរបស់គេ។ សួរពភ្លើចឹងកើត។ ហើយកូនជ្រូកក៏បន្តឆីអាហារទៀតទៅ។ - តាក្លូ ៖ ម៉ោះ ចៅ លើកដាច់មួយសិន! ខ្វះអីស្រីនោះ? រកមួយទៀតទៅចៅស៊ីម៉ាដាមអ៊ើយ! កុំគិតពិបាកចិត្តខ្លាំងពេកនាំតែខូចសំរស់ ជាប្រុសស្អាតសង្ហារ មានមន្តស្នេហ៏ទេ។ ចៅសាម៉ាឌីគួរតែអបអរសាទរ និងជូនពរនាងវិញទៅ ឲ្យនាងមានសុភមង្គល និងសេចក្តីសុខក្នុងជីវិតក្រោយពេលរៀបការ។ កុំគិតច្រើនពេកចៅតា ធ្វើម៉េចបើព្រេងវាសនាតំរូវឲ្យចៅនិងនាងបានស្គាល់គ្នានិងមាននិស្ស័យជាមួយគ្នាត្រឹមតែប៉ុណ្ណឹងនោះ។ តាក្លូ ក៏លើកដាច់ជាមួយសាម៉ាឌី និងអគ្គលីបុត្រ។ មិនយូរប៉ុន្មាន តាក្លូ និងអគ្គលីបុត្រ ក៏ដួលភីង ក្រាបលើតុ។ តែសាម៉ាឌី មិនទាន់ស្រវឹង ប្រហែលមកពីស្រវឹងស្នេហ៍ខ្លាំងជាងស្រវឹងស្រាហើយ។ - សាម៉ាឌី ៖ កូនជ្រូកហ្អា? កូនជ្រូកសរសេររឿងស្នេហាច្រើនចឹង ដឹងខ្លះហើយពីរឿងហ្នឹង។ សុំសួររឿងមួយ។ - កូនជ្រូក ៖ សួរម៉ោ។ កូនជ្រូកឆ្លើយមែន តែមាត់នាងគ្មានទំនេរទេ។ សាច់គោឆាអង្ក្រងអីហ្នឹង អស់ពីរចានតែម្នាក់ឯងហើយ។ - សាម៉ាឌី ៖ ម៉េចបានជាស្រីៗចិត្តអាក្រក់ទៅរកប្រុសពីរបីធ្វើជាកង់សាគួរចឹង? - កូនជ្រូក ៖ ចង់ស្តាប់ពាក្យលួងលោម រឺក៏អោយនិយាយការពិត។ - សាម៉ាឌី ៖ និយាយពាក្យលួងលោមមុនមក! - កូនជ្រូក ៖ ស្រីម្នាក់ហ្នឹង ជាព្រានបុរស។ ដូចនេះ កាត់ចិត្តពីនាងទៅ! ឯងជាប្រុសល្អ ប្រាកដជានឹងជួបស្រីល្អជាងនេះ។ - សាម៉ាឌី ៖ ចុះការពិតវិញនោះ? - កូនជ្រូក ៖ ករណីទីមួយ មកពីមនុស្សស្រីម្នាក់នោះ មិនទុកចិត្តមនុស្សប្រុសណាម្នាក់សោះ ក្នុងចំណោមសង្សាររបស់នាងទាំងប៉ុន្មានគ្រឿងហ្នឹង។ ប្រសិនបើបាត់មួយ នាងនឹងនៅសល់មួយទៀត។ - សាម៉ាឌី ៖ ករណីទីពីរនោះ? - កូនជ្រូក ៖ ករណីទីពីរ មកពីស្រីម្នាក់នោះ មិនដឹងថា ខ្លួនស្រលាញ់ប្រុសប្រភេទណាអោយប្រាកដ។ ជាប្រុសរ៉ូម៉ង់ទិក រឺជាប្រុសមានលុយ រឺជាប្រុសមិនរ៉ូម៉ង់ទិក រឺក៏ជាប្រុសពូកែកំប្លែង រឺជាប្រុសឆ្លាត រឺជាប្រុសឯករាជ្យ រឺជាប្រុសស្អាត រឺជាប្រុសល្ងង់ រឺជាប្រុសមិនចេះនិយាយ រឺជាប្រុសនិយាយច្រើន រឺជាប្រុសចេះផឹក រឺជាប្រុសមិនចេះផឹក រឺជាប្រុសរាក់ទាក់ រឺជាប្រុសមិនសូវរាក់ទាក់ រឺជាប្រុសចេះគិត រឺជាប្រុសពូកែចាយ រឺជាប្រុសគោរពសិទ្ធិស្រី រឺជាប្រុសព្រាននារី រឺជាប្រុសមិនចេះជក់បារី រឺជាប្រុសជក់បារី ។ល។និង។ល។ និយាយចំ ខ្លួននាង ក៏មិនទាន់ស្គាល់ចិត្តខ្លួននាងច្បាស់ផងទេ ហើយក៏មិនដឹងថា នាងចង់បានបុរសប្រភេទណា យកមកនៅជាមួយនាងអស់ម៉ាជីវិត។ នាងក៏សាកល្បងសេពគប់ជាមួយប្រុសគ្រប់ប្រភេទ ដើម្បីរើសយកនរណាម្នាក់ ដែលត្រូវចិត្តនាងពិតប្រាកដ។
- សាម៉ាឌី ៖ ស្អីហ្អា? ម្ចាស់ខ្លួនអី មិនស្គាល់ខ្លួនឯងច្បាស់នោះ? ស្អីក៏រញ៉េរញ៉ៃម៉្លេះ? - កូនជ្រូក ៖ ចុះឯងស្គាល់ខ្លួនឯងច្បាស់នៅហ្នឹង? បានជានិយាយថា អោយគេនោះ។ - សាម៉ាឌី ៖ ស្គាល់ច្បាស់ គឺ? ចុម គឺស្អីចេះ?
- កូនជ្រូក ៖ គឺស្អី? ឯងទៅដេកគិតមើលសិនទៅថា ឯងជាប្រុសប្រភេទណា អោយប្រាកដ។ ហើយតើស្រីប្រភេទណា សមនឹងឯងបំផុត។ បើឯងស្គាល់ខ្លួនឯងច្បាស់ ឯងនឹងរកសង្សារលើកក្រោយមិនខុសទេ។ ប្រសិនបើឯងនៅតែមិនទាន់ស្គាល់ខ្លួនឯង ដេកយល់សប្តិទៅថា នឹងរកបានសង្សារមួយត្រូវចិត្តខ្លួន ហើយនឹងមិនខូចចិត្តជាលើកទីពីរនោះ។ ឯងច្បាស់ជានឹងខូចចិត្តច្រើនដងទៀត បើឯងមិនដឹងថា នារីប្រភេទណា សមនឹងខ្លួនឯង។ - សាម៉ាឌី ៖ មិនយល់ទេ។ - កូនជ្រូក ៖ មិនយល់ ក៏ហីទៅវើយ។ អូនៅមានម៉ាករណីទៀត។ មានស្រីខ្លះ គឺចូលចិត្តអោយប្រុសៗប៉ាវ គឺដូចជាយើងចឹង។ អរគុណសំរាប់អាហារម៉ាពេលនេះ។ បាយ បាយ។
កូនជ្រូកគ្រាអគ្គលីបុត្រ និងតាក្លូ ដើរចេញទៅ។ ទុកសំណល់ចានម្ហូបម៉ាគំនរអោយសាម៉ាឌីចេញលុយអោយ។ - សាម៉ាឌី ៖ ប្រាក់ខែអញខែនេះ? អាលាយម៉ត់អស់ហើយ។
- សាម៉ាឌី ៖ ស្អីហ្អា? ម្ចាស់ខ្លួនអី មិនស្គាល់ខ្លួនឯងច្បាស់នោះ? ស្អីក៏រញ៉េរញ៉ៃម៉្លេះ? - កូនជ្រូក ៖ ចុះឯងស្គាល់ខ្លួនឯងច្បាស់នៅហ្នឹង? បានជានិយាយថា អោយគេនោះ។ - សាម៉ាឌី ៖ ស្គាល់ច្បាស់ គឺ? ចុម គឺស្អីចេះ?
- កូនជ្រូក ៖ គឺស្អី? ឯងទៅដេកគិតមើលសិនទៅថា ឯងជាប្រុសប្រភេទណា អោយប្រាកដ។ ហើយតើស្រីប្រភេទណា សមនឹងឯងបំផុត។ បើឯងស្គាល់ខ្លួនឯងច្បាស់ ឯងនឹងរកសង្សារលើកក្រោយមិនខុសទេ។ ប្រសិនបើឯងនៅតែមិនទាន់ស្គាល់ខ្លួនឯង ដេកយល់សប្តិទៅថា នឹងរកបានសង្សារមួយត្រូវចិត្តខ្លួន ហើយនឹងមិនខូចចិត្តជាលើកទីពីរនោះ។ ឯងច្បាស់ជានឹងខូចចិត្តច្រើនដងទៀត បើឯងមិនដឹងថា នារីប្រភេទណា សមនឹងខ្លួនឯង។ - សាម៉ាឌី ៖ មិនយល់ទេ។ - កូនជ្រូក ៖ មិនយល់ ក៏ហីទៅវើយ។ អូនៅមានម៉ាករណីទៀត។ មានស្រីខ្លះ គឺចូលចិត្តអោយប្រុសៗប៉ាវ គឺដូចជាយើងចឹង។ អរគុណសំរាប់អាហារម៉ាពេលនេះ។ បាយ បាយ។
កូនជ្រូកគ្រាអគ្គលីបុត្រ និងតាក្លូ ដើរចេញទៅ។ ទុកសំណល់ចានម្ហូបម៉ាគំនរអោយសាម៉ាឌីចេញលុយអោយ។ - សាម៉ាឌី ៖ ប្រាក់ខែអញខែនេះ? អាលាយម៉ត់អស់ហើយ។
Posted by
khmer
Subscribe to:
Posts (Atom)