Tuesday, September 29, 2009

រឿងខ្លី ៖ គ្មានសិទ្ធិ (2)

- អេ ទើបមកថ្មីហ្អ? - សុទ្ធា ៖ បាទ បាទ។ ខ្ញុំងាកមើលអ្នកកេះខ្នងរបស់ខ្ញុំ គឺជាក្មេងស្រីម្នាក់ មានរូបរាងតូចល្អិត។ មើលទៅនាង គឺក្មេងជាងខ្ញុំទៅទៀត ហេតុអ្វីមិនហៅខ្ញុំ បង បែរជាសួរខ្ញុំធ្វើមើលតែខ្ញុំហ្នឹង ប្អូនតូចជាងនាងអ៊ីចឹង។ - រកថ្នាក់រៀនហ្អ? - សុទ្ធា ៖ បាទ។ អូ អឺ ហ្នឹងហើយ។ - រៀនឆ្នាំទីប៉ុន្មាន? - សុទ្ធា ៖ ឆ្នាំទីមួយ បន្ទប់លេខ15។ - អូ នៅជាន់ទីពីរ ម៉ោះ ខ្ញុំជូនទៅ។ ហ្អាក នៅទីក្រុង មានមនុស្សចិត្តល្អបែបនេះផង។ មិនប្រាប់ផ្លូវទៅ សុទ្ធតែជូនទៅដល់បន្ទប់ទៀត ឡូយអស់ទាស់។ នាងដើរខាងមុខ ខ្ញុំដើរតាមនាង។ ខ្ញុំអាចមើលរូបរាងរបស់នាងពីក្រោយខ្នង ដោយមិនចាំបាច់ខ្លាចចិត្តទេ។ នាងមានកំពស់ប្រហែលជា1ម៉ែត្រ50ជាងអីហ្នឹង។ ស្គមបែបនេះ ប្រហែលជាជាង 40គីឡូ។ សក់របស់នាងខ្លីត្រឹមក។ នាងស្ពាយកាតាបចំហៀងពណ៌ខៀវ ហើយមានបន្តោងសោរូបសញ្ញាអីមិនដឹងទេ ពណ៌ក្រហម។ ដើរបានបន្តិច នាងងាកមកញញឹមដាក់ខ្ញុំ។ ខ្ញុំភ្ញាក់ព្រើត ហើយដូចជាអៀនដែរ ដែលកំពុងសំលឹងមើលនាងពីក្រោយ តាំងពីលើក្បាលដល់ចុងជើង។ - មកពីស្រុកណាដែរ? - សុទ្ធា ៖ បាទ គឺមកពីកំពង់ចាម។ ម៉េចក៏ដឹងថា ខ្ញុំមកពីស្រុក? - ព្រោះប្រុសនៅពេញនេះ គ្មាននរណា គេឆ្លើយបាទ ដាក់ខ្ញុំផង។ ហាហាហា ខ្ញុំដូចជាអៀននឹងក្មេងស្រីម្នាក់នេះណាស់ នៅពេលនាងនិយាយបែបនេះ។ នាងសើចយ៉ាងសប្បាយ ប្រៀបដូចជាចំអកអោយខ្ញុំ តែក៏ដូចជាមិនមែន ដូចជាដើម្បីរាក់ទាក់នឹងខ្ញុំច្រើនជាង។ នៅពេលនាងនិយាយ គឺនាងបញ្ចេញស្នាមញញឹមជាប់ជានិច្ច។ នាងនិយាយៗៗៗៗ តែខ្ញុំបែរជាស្លុងនឹងស្នាមញញឹមចេញពីបបូរមាត់របស់នាង។ ខួរក្បាលរបស់ខ្ញុំមិនបានចាប់យកអ្វីដែលនាងនិយាយនោះទេ គឺគិតតែពីបបូរមាត់របស់នាង ដែលញញឹមមិនចេះហត់នោះប៉ុណ្ណោះ។ - ដល់ហើយ។ នេះថ្នាក់រៀន។ - សុទ្ធា ៖ បាទ បាទ អរគុណ។ អឺ ឈ្មោះអីដែរ? - ចុះប្រាប់អំបាញ់មិញហើយតើថា ឈ្មោះ វឌ្ឍនា។ សុទ្ធា កំពុងតែគិតទៅដល់ណា បានជាមិនលឺឈ្មោះរបស់ខ្ញុំប្រាប់។ អូ ព្រះ ម៉េចក៏នាងដឹងថា ខ្ញុំឈ្មោះសុទ្ធា។ ប្រហែលជាអំបាញ់មិញ នាងសួរខ្ញុំច្រើនពេក ខ្ញុំក៏ចេះតែឆ្លើយ តែភ្លឹកនឹងបបូរមាត់ញញឹមរហូតរបស់នាងហ្នឹងហើយ បានជាមិនដឹងខ្លួនសោះ។ - សុទ្ធា ៖ អត់ទេ គឺដូចជាប្លែកសាលា។ នាងសើច ហើយដើរចូលថ្នាក់នោះដែរ។ ខ្ញុំឃើញនាងបោះកាតាប អង្គុយតុមួយនៅជិតបង្អួច ហើយឃើញនាងនិយាយជាមួយមនុស្សប្រុសស្រីក្នុងថ្នាក់រៀនជាច្រើននាក់។ ការពិត នាងជូនខ្ញុំមកថ្នាក់នេះ មកពីនាងរៀនជាមួយនឹងខ្ញុំដែរតើ។ ចិត្តមួយរបស់ខ្ញុំ ស្រាប់តែមានអារម្មណ៍ត្រេកអរ។ អ្នកទីក្រុងទីមួយ ដែលខ្ញុំទើបនឹងជួបរៀនជាមួយនឹងខ្ញុំដែរ។ ត្រលប់មកដល់ផ្ទះវិញ ខ្ញុំហាក់ដូចជាឯកោរ។ នៅម្នាក់ឯង ធ្វើអោយខ្ញុំនឹកដល់អូនភាជាខ្លាំង។ ខ្ញុំក៏ចាប់ក្រដាស គិតថា នឹងសរសេរសំបុត្រទៅនាងភ្លាមដែរ។ ដៃកាន់ប៊ិចបណ្តើរ រកនឹកថា នឹងចាប់ផ្តើមសរសេរពាក្យអ្វីមុនគេបណ្តើរ។ អូនភាសំលាញ់ចិត្តបង សរសេរអ៊ីចឹង ម៉ែគេឃើញ ខ្ញុំច្បាស់ជាបានស៊ីក្រញ៉ជាមិនខានទេ។ មកដល់ភា សរសេរបែបនេះ គ្រាន់បើតិច។ ប៉ុន្មានខែក្រោយមក ខ្ញុំកាន់តែសិ្នទ្ធស្នាលនឹងវឌ្ឍនាទៅៗ។ នាងជាមិត្តនារីតែម្នាក់គត់ ដែលជាមិត្តជិតស្និទ្ធនឹងខ្ញុំ។ តែខ្ញុំមិនមែនជាមិត្តប្រុសតែម្នាក់គត់ ដែលជាមិត្តស្និទ្ធស្នាលរបស់នាងទេ។ - វឌ្ឍនា ៖ ហេយ គិតអីហ្នឹង សុទ្ធា? - សុទ្ធា ៖ មានគិតអីណា។ - វឌ្ឍនា ៖ ប្រហែលនឹកសង្សារទៀតហើយហ្នឹង។ ហាហាហា ខ្ញុំស្រាប់តែចាប់ភ្លឹកថា ខ្ញុំមានសង្សាររួចហើយ។ ហេតុអ្វីខ្ញុំនៅគិតចំពោះមនុស្សស្រីនៅឈរចំពោះមុខខ្ញុំម្នាក់នេះទៀត? ហេតុអី? រឺក៏ខ្ញុំជាប្រុសព្រានដូចដែរ នារីៗឧស្សាហ៍ជេរនោះមែន? ប្រុសចិត្តពីរ? - សិរីបុត្រ ៖ វឌ្ឍនា ល្ងាចហ្នឹងទំនេរទេ? ទៅស្តាត ហែលទឹកហ្អេ? - វឌ្ឍនា ៖ មិនទៅស្តាតទេ ទឹកគគ្រិចសឹងអីហ្នឹង? - សិរីបុត្រ ៖ ចុះចង់ហែលទឹកនៅណាចុះ? - វឌ្ឍនា ៖ ទៅវីអាយភីទៅ។ - សិរីបុត្រ ៖ ថ្លៃណាស់នៅហ្នឹងនោះ។ - វឌ្ឍនា ៖ ទៅអត់? - សិរីបុត្រ ៖ ទៅទៅ វឌ្ឍនានិយាយបណ្តើរ ក៏ដើរជាមួយនឹងសិរីបុត្រចេញទៅក្រៅថ្នាក់បណ្តើរ។ ខ្ញុំស្រាប់តែចំលែកចិត្តណាស់។ ខ្ញុំដូចជាមានអារម្មណ៍ថា ខឹងនឹងនាង នៅពេលដែលឃើញនាងទៅសិ្នទ្ធស្នាលនឹង ប្រុសផ្សេងទៀតបែបនេះ។ ខ្ញុំក៏មិនយល់ពីអារម្មណ៍របស់ខ្លួនឯងដែរ ហេតុអីខ្ញុំចង់ហួងហែងនាងទុកតែម្នាក់ឯង? បើខ្ញុំមានសង្សារមួយនៅយ៉ាងជ្រងោទៅហើយនោះ។ ខ្ញុំគ្មានសិទ្ធិទៅឃាត់នាងមិនអោយស្និទ្ធស្នាលនឹងប្រុសដទៃនោះទេ។ ខ្ញុំគ្មានសិទ្ធិឃាត់នាងមិនអោយញញឹមដាក់ប្រុសដទៃទេ។ ខ្ញុំគ្មានសិទ្ធិឃាត់ទុកស្នាមញញឹមរបស់នាងសំរាប់តែខ្ញុំម្នាក់នោះទេ។ ខ្ញុំខឹងនឹងខ្លួនឯង ដែលគ្មានសិទ្ធិ។ ខ្ញុំខឹងនឹងខ្លួនឯង ដែលមិនអាចនិយាយប្រាប់នាងបានថា ខ្ញុំចូលចិត្តនាង។ ខ្ញុំប្រហែលជាស្រលាញ់នាងទេដឹង? អត់ទេ ខ្ញុំស្រលាញ់សង្សាររបស់ខ្ញុំណាស់។ ខ្ញុំមិនចង់បាត់បង់សង្សាររបស់ខ្ញុំនោះទេ។ ខ្ញុំតែងតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីរក្សាចំណងស្នេហារបស់ពួកយើងកន្លងមក។ នៅមិនយូរខែទៀតទេ នាងនឹងមករៀននៅភ្នំពេញហើយ។ ចិត្តខ្ញុំច្របូកច្របល់ រហូតធ្វើអោយខ្ញុំដូចជាខឹងដោយទាំងសិរីបុត្រនោះទៀត។ ប្រសិនបើខ្ញុំត្រូវខឹងប្រុសទាំងអស់ដោយសារតែវឌ្ឍនា ខ្ញុំក៏ប្រហែលជានឹងក្លាយទៅជាសត្រូវរបស់បុរសទាំងអស់ក្នុងសាលារៀននេះ ព្រោះតែវឌ្ឍនាជាមនុស្សមានប្រជាប្រិយភាពម្នាក់។ នាងរាប់អានមិត្ត មិនរើសឋានៈ មិនរើសភេទ មិនរើសជំនាន់ មិនរើស … ខ្ញុំមិនអាចមើលដឹងចិត្តនាងថា នាងចូលចិត្តនរណាម្នាក់ខ្លាំងជាងនរណានោះទេ។ ខ្ញុំក៏មិនដឹងថា នាងចូលចិត្តខ្ញុំប៉ុណ្ណាដែរ។ តែខ្ញុំដឹងខ្លួនឯងថា ខ្ញុំចូលចិត្តនាងខ្លាំង ខ្លាំង ខ្លាំង ខ្លាំងណាស់ រហូតបុណ្យរាល់ថ្ងៃ កុំអោយមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ព្រោះខ្ញុំមិនអាចជួបមុខនាងទេនៅថ្ងៃសំរាកទាំងពីរថ្ងៃនេះ។ ហើយថ្ងៃទាំងពីរនោះ ទោះជាមួយថ្ងៃមានតែ24ម៉ោងដូចថ្ងៃទូទៅដែរ តែខ្ញុំមានអារម្មណ៍ថា មួយវិនាទីៗដើរយឺតជាងថ្ងៃណាៗទាំងអស់។ ហេតុអ្វីខ្ញុំត្រូវនឹកវឌ្ឍនាទៀតក្នុងពីរថ្ងៃនោះ? ខ្ញុំគួរតែនឹកដល់សុភាទើបត្រូវ។ - វឌ្ឍនា ៖ ណេះអោយឯង។ - សុទ្ធា ៖ ស្អីគេហ្នឹង? - វឌ្ឍនា ៖ គឺបន្តោងសោរដាក់រូបថត។ វឌ្ឍនាហុចបន្តោងសោរដាក់រូបថតមកអោយខ្ញុំ។ ខ្ញុំទទួលមកនៅនឹងដៃ ហើយសំលឹងមើលទៅម្ខាង មានរូបថតរបស់ខ្ញុំ គឺជារូបថត ដែលនាងសុំខ្ញុំកាលពីថ្ងៃមុនតើ។ ចុះរូបម្ខាងទៀតនោះជារូបនរណា? (នៅមានត) ……………………… (ក្រៅឆាក) - កូនជ្រូក ៖ ខ្ជិលណាស់ ទៅផឹកកាហ្វេម៉ាកែវសិន ព្រោះងងុយដេកតិចៗ។ - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ ងាប់ហើយ ធ្វើការអីក៏យឺតម្ល៉េះ។ នេះគេហៅថា ធ្វើការដៃមួយ យកលុយដៃពីរតើ។ - កូនជ្រូក ៖ កុំចេះតែថាណា មិនមែនត្រឹមតែដៃពីរទេ។ ការពិត ខ្ញុំរត់ថែមទាំងជើងពីរទៅកន្លែងគណនេយ្យទៀតណ៏ អោយតែដល់ថ្ងៃទី29។ - អ្នកចាត់ការបោះពុម្ពផ្សាយ ៖ ???​ (គ្មានវាចារនឹងថ្លែង)