Tuesday, September 29, 2009

ទស្សនាវដ្តី


នៅទីស្នាក់ការ ទស្សនាវដ្តី កូនសោរជីវិត។ តុក តុក តុក - អគ្គលីបុត្រ ៖ ចុះនរណាមក? កូនជ្រូកទៅបើកទ្វារមើល៍! - កូនជ្រូក ៖ ខ្ជិលណាស់ ទៅបើកខ្លួនឯងទៅ! អគ្គលីបុត្រ ក៏ចេញទៅបើកទ្វារ។ - អគ្គលីបុត្រ ៖ តាក្លូ!!! រួចម៉េចក៏មិនបើកទ្វារខ្លួនឯង? - តាក្លូ ៖ បើក ម៉េច បើដៃបើក មានដល់ទៅពីរ មិនដឹងបើកអាមួយណា។ - អគ្គលីបុត្រ ៖ ចេះតែថា មានតែមួយតើ។​ នេះ គឺដៃបើក។ មួលតែតិច ក៏បើកបានហើយ។ - តាក្លូ ៖ ស្អី មានពីរជាប់គ្នាទៀត។ ភ្នែកឯង ម្ញ៉ូប ហ្អ? បានជាឃើញតែមួយ។ អគ្គលីបុត្រ ហិតក្លិន ជាប់ខ្លួនតាក្លូ។ - អគ្គលីបុត្រ ៖ ងាប់ហើយ ស្អុយស្រាអោយហួង។ នេះច្បាស់ជាទើបមកពីដកមេទៀតហើយ។ អាចឹងតើ បានជាឃើញដៃបើកទ្វារ ដល់ទៅពីរ។ តាហ្នឹងហើយ ស្រវឹងដល់កហើយ បានជាចឹង។ - តាក្លូ ៖ ហាហាហា មិនមែនទេ។ ភ្នែកចាស់ ជួនកាលស្រវ៉ាំងចឹងហើយ។ - អគ្គលីបុត្រ ៖ មិនដឹងជាស្រវ៉ាំង រឺស្រវឹងទេ។ សំលេងទូរស័ព្ទអគ្គលីបុត្ររោទ៍ឡើង។ - អគ្គលីបុត្រ ៖ អាឡូ។ អឺ អញ។ ស្អីគេសង្សាររត់ចោល? ផឹកនៅណា? ជិតអាលីយ៉ង់? អើ ចាំដល់ម៉ោងចេញពីធ្វើការ អញទៅ។ អើ។ បានហើយ។ អគ្គលីបុត្រ ដាក់ទូរស័ព្ទចុះ។ ងាកមុខឆ្វាច់ ឃើញកូនជ្រូកធ្វើមុខស្ញេញបញ្ចេញធ្មេញម៉ាក្រាសដាក់។ ឯតាក្លូ ញញឹម ព្រមទាំងភ្នែកមានពន្លឺព្រេចៗៗ។ - អគ្គលីបុត្រ ៖ មិនអោយទៅតាមទេ មិនចាំបាច់ធ្វើមុខចឹងទេ។ - តាក្លូ ៖ ទៅដែរ ណា ណា ។ ពួកម៉ាកខូចចិត្តចឹង ច្បាស់ជាចង់ផឹកហើយ។ នេះតាអ៊ិចស្ពើតខាងផឹក អាចកំដរបានម៉ាសេរី។ ណា ណា ណា ។ ចៅឯងមិនសូវចេះផឹកទេ ទុកអោយតាកំដរពួកម៉ាកដែរទៅ។ - អគ្គលីបុត្រ ៖ ក៏បាន។ តែកូនជ្រូក គ្មានផ្លូវទេ។ - កូនជ្រូក ៖ ម៉េចចឹង? អោយតាក្លូទៅ អត់អោយកូនជ្រូកទៅ មាននរណាឆីសាច់ក្លែមនោះ។ ច្បាស់ជាសល់ចោលហើយ។ អ្នកផឹកមិនសូវឆីអីផងហ្នឹង។ ណា ទៅដែរណា ណា ណា។ - អគ្គលីបុត្រ ៖ មិនបានទេ។ នរណាមានលុយចេញថ្លៃម្ហូបសំរាប់ឯងនោះ ស៊ីមើលតែជ្រូក។ - កូនជ្រូក ៖ បើមិនអោយទៅ តេប្រាប់សង្សារបុត្រថា បុត្រទៅស៊ីផឹក អត់សន្សំលុយសំរាប់ ចូលដណ្តឹងនាង រៀបការទេ។ - អគ្គលីបុត្រ ៖ បាន បាន យាយប៉ិនោះ កាចផង តែមិនស្រួលបានស៊ីពីរពិលមិនខានទេអញ។ - កូនជ្រូក ៖ ហេហេហេ មិនដឹងជាស្រមៃដល់ណាទេ នាងកូនជ្រូក ហៀរទឹកមាត់បណ្តើរៗបាត់ទៅហើយ។ ចូលក្នុងហាងស៊ីផឹកមួយ នៅជិតអាលីយ៉ង់ ក្បែរអូរឫស្សី។ អគ្គលីបុត្រ នាំនាងកូនជ្រូក និងតាក្លូ ចូលទៅតុមួយ ដែលមានកំលោះម្នាក់អង្គុយនៅនោះ។ - អគ្គលីបុត្រ ៖ នេះសាម៉ាឌី។ សាម៉ាឌី នេះ តាក្លូ និងកូនជ្រូក។ - សាម៉ាឌី ៖ នឹងរឺ កូនជ្រូក? អ្នកសរសេររឿងស្នេហានោះ? - អគ្គលីបុត្រ ៖ នឹងហើយ។ យ៉ាងម៉េច ក៏ធ្វើមុខភ្ញាក់ផ្អើលម៉េះ ហ្អា? - សាម៉ាឌី ៖ ក្រែងថា កន្ធីងកន្ធាត់ណាស់នោះ? - អគ្គលីបុត្រ ៖ វាត្រូវ ចៅហ្វាយកាត់ប្រាក់ខែពាក់កណ្តាល ព្រោះវាកុំម្មង់ភីស្សាច្រើនពេក ពេលធ្វើការហួសម៉ោង បានជាវាស្រកសាច់អស់ជាង10គីឡូហ្នឹង។ - សាម៉ាឌី ៖ ចឹងហ្អ? សាម៉ាឌីរអ៊ូរទាំរឿងរ៉ាវស្នេហារបស់គេអោយអគ្គលីបុត្រស្តាប់។ តាក្លូ គិតតែពីហៅប៊ីយែរ និងលើកដាច់។ កូនជ្រូកគិតតែពួយសាច់ក្លែម មិនខ្ចីរវល់ស្តាប់អីទេ។ - សាម៉ាឌី ៖ អញអស់អីអួតទៀតហើយ អាបុត្រអើយ។ គេនឹងរើសម្នាក់នៅស្រុកក្រៅនោះហើយ ព្រោះប្រាក់ខែគេច្រើនអស់ស្ទះ។ - អគ្គលីបុត្រ ៖ កុំភ័យ​ពួកម៉ាក! មាន​ច្រើនណាស់ ចង់បានលេខទូរស័ព្ទ ទៅយកនៅ​ផ្ទះ​អញទៅ ចង់បានអាម៉ាកណា​ក៏បានដែរ! មានម៉ាកំផ្លេរ ចង់ម៉ាអាទិត្យ ម៉ាខែ ឬ​ម៉ាង៉ៃ ក៏មានដែរ! - សាម៉ាឌី ៖ កុំនិយាយលេងមើលអានេះ។ អញនិយាយមែនណា។ អញស្រលាញ់ម្នាក់ហ្នឹងណាស់ ចង់ការជាពីពន្ធទៀត តេសួរម៉ែគេបងស្រីគេ ក៏ដឹងរឿងថា គេម្នាក់នឹងមានកង់សាគួរបីបួនចឹងទៅ។ អញខូចចិត្ត ជាងគេ ត្រង់ ម៉េចក៏គេមិនប្រាប់អញផ្ទាល់មាត់។ ចាំដល់អញទៅដឹងរឿងហ្នឹង ពីគ្រួសាររបស់គេវិញ ចឹង? កូនជ្រូកខោកក្បាលរបស់សាម៉ាឌីម៉ាដៃ។ - កូនជ្រូក ៖ បើសិនគេប្រាប់ឯង ម៉េចនឹងបានឯង ធ្វើជាកង់ស្រគួរមួយទៀតរបស់គេ។ សួរពភ្លើចឹងកើត។ ហើយកូនជ្រូកក៏បន្តឆីអាហារទៀតទៅ។ - តាក្លូ ៖ ម៉ោះ ចៅ លើកដាច់មួយសិន! ខ្វះអីស្រីនោះ? រកមួយទៀតទៅចៅស៊ីម៉ាដាមអ៊ើយ​! កុំគិតពិបាកចិត្តខ្លាំងពេកនាំតែខូចសំរស់ ជាប្រុសស្អាតសង្ហារ មានមន្តស្នេហ៏ទេ។ ចៅសាម៉ាឌីគួរតែអបអរសាទរ និងជូនពរនាងវិញទៅ​ ឲ្យនាងមានសុភមង្គល និងសេចក្តីសុខក្នុងជីវិតក្រោយពេលរៀបការ។ កុំគិតច្រើនពេកចៅតា ធ្វើម៉េចបើព្រេងវាសនាតំរូវឲ្យចៅនិងនាងបានស្គាល់គ្នានិងមាននិស្ស័យជាមួយគ្នាត្រឹមតែប៉ុណ្ណឹងនោះ។ តាក្លូ ក៏លើកដាច់ជាមួយសាម៉ាឌី និងអគ្គលីបុត្រ។ មិនយូរប៉ុន្មាន តាក្លូ និងអគ្គលីបុត្រ ក៏ដួលភីង ក្រាបលើតុ។ តែសាម៉ាឌី មិនទាន់ស្រវឹង ប្រហែលមកពីស្រវឹងស្នេហ៍ខ្លាំងជាងស្រវឹងស្រាហើយ។ - សាម៉ាឌី ៖ កូនជ្រូកហ្អា? កូនជ្រូកសរសេររឿងស្នេហាច្រើនចឹង ដឹងខ្លះហើយពីរឿងហ្នឹង។ សុំសួររឿងមួយ។ - កូនជ្រូក ៖ សួរម៉ោ។ កូនជ្រូកឆ្លើយមែន តែមាត់នាងគ្មានទំនេរទេ។ សាច់គោឆាអង្ក្រងអីហ្នឹង អស់ពីរចានតែម្នាក់ឯងហើយ។ - សាម៉ាឌី ៖ ម៉េចបានជាស្រីៗចិត្តអាក្រក់ទៅរកប្រុសពីរបីធ្វើជាកង់សាគួរចឹង? - កូនជ្រូក ៖ ចង់ស្តាប់ពាក្យលួងលោម រឺក៏អោយនិយាយការពិត។ - សាម៉ាឌី ៖ និយាយពាក្យលួងលោមមុនមក! - កូនជ្រូក ៖ ស្រីម្នាក់ហ្នឹង ជាព្រានបុរស។ ដូចនេះ កាត់ចិត្តពីនាងទៅ! ឯងជាប្រុសល្អ ប្រាកដជានឹងជួបស្រីល្អជាងនេះ។ - សាម៉ាឌី ៖ ចុះការពិតវិញនោះ? - កូនជ្រូក ៖ ករណីទីមួយ មកពីមនុស្សស្រីម្នាក់នោះ មិនទុកចិត្តមនុស្សប្រុសណាម្នាក់សោះ ក្នុងចំណោមសង្សាររបស់នាងទាំងប៉ុន្មានគ្រឿងហ្នឹង។ ប្រសិនបើបាត់មួយ នាងនឹងនៅសល់មួយទៀត។ - សាម៉ាឌី ៖ ករណីទីពីរនោះ? - កូនជ្រូក ៖ ករណីទីពីរ មកពីស្រីម្នាក់នោះ មិនដឹងថា ខ្លួនស្រលាញ់ប្រុសប្រភេទណាអោយប្រាកដ។ ជាប្រុសរ៉ូម៉ង់ទិក រឺជាប្រុសមានលុយ រឺជាប្រុសមិនរ៉ូម៉ង់ទិក រឺក៏ជាប្រុសពូកែកំប្លែង រឺជាប្រុសឆ្លាត រឺជាប្រុសឯករាជ្យ រឺជាប្រុសស្អាត រឺជាប្រុសល្ងង់ រឺជាប្រុសមិនចេះនិយាយ រឺជាប្រុសនិយាយច្រើន រឺជាប្រុសចេះផឹក រឺជាប្រុសមិនចេះផឹក រឺជាប្រុសរាក់ទាក់ រឺជាប្រុសមិនសូវរាក់ទាក់ រឺជាប្រុសចេះគិត រឺជាប្រុសពូកែចាយ រឺជាប្រុសគោរពសិទ្ធិស្រី រឺជាប្រុសព្រាននារី រឺជាប្រុសមិនចេះជក់បារី រឺជាប្រុសជក់បារី ។ល។និង។ល។ និយាយចំ ខ្លួននាង ក៏មិនទាន់ស្គាល់ចិត្តខ្លួននាងច្បាស់ផងទេ ហើយក៏មិនដឹងថា នាងចង់បានបុរសប្រភេទណា យកមកនៅជាមួយនាងអស់ម៉ាជីវិត។ នាងក៏សាកល្បងសេពគប់ជាមួយប្រុសគ្រប់ប្រភេទ ដើម្បីរើសយកនរណាម្នាក់ ដែលត្រូវចិត្តនាងពិតប្រាកដ។
- សាម៉ាឌី ៖ ស្អីហ្អា? ម្ចាស់ខ្លួនអី មិនស្គាល់ខ្លួនឯងច្បាស់នោះ? ស្អីក៏រញ៉េរញ៉ៃម៉្លេះ? - កូនជ្រូក ៖ ចុះឯងស្គាល់ខ្លួនឯងច្បាស់នៅហ្នឹង? បានជានិយាយថា អោយគេនោះ។ - សាម៉ាឌី ៖ ស្គាល់ច្បាស់ គឺ? ចុម គឺស្អីចេះ?
- កូនជ្រូក ៖ គឺស្អី? ឯងទៅដេកគិតមើលសិនទៅថា ឯងជាប្រុសប្រភេទណា អោយប្រាកដ។ ហើយតើស្រីប្រភេទណា សមនឹងឯងបំផុត។ បើឯងស្គាល់ខ្លួនឯងច្បាស់ ឯងនឹងរកសង្សារលើកក្រោយមិនខុសទេ។ ប្រសិនបើឯងនៅតែមិនទាន់ស្គាល់ខ្លួនឯង ដេកយល់សប្តិទៅថា នឹងរកបានសង្សារមួយត្រូវចិត្តខ្លួន ហើយនឹងមិនខូចចិត្តជាលើកទីពីរនោះ។ ឯងច្បាស់ជានឹងខូចចិត្តច្រើនដងទៀត បើឯងមិនដឹងថា នារីប្រភេទណា សមនឹងខ្លួនឯង។ - សាម៉ាឌី ៖ មិនយល់ទេ។ - កូនជ្រូក ៖ មិនយល់ ក៏ហីទៅវើយ។ អូនៅមានម៉ាករណីទៀត។ មានស្រីខ្លះ គឺចូលចិត្តអោយប្រុសៗប៉ាវ គឺដូចជាយើងចឹង។ អរគុណសំរាប់អាហារម៉ាពេលនេះ។ បាយ បាយ។
កូនជ្រូកគ្រាអគ្គលីបុត្រ និងតាក្លូ ដើរចេញទៅ។ ទុកសំណល់ចានម្ហូបម៉ាគំនរអោយសាម៉ាឌីចេញលុយអោយ។ - សាម៉ាឌី ៖ ប្រាក់ខែអញខែនេះ? អាលាយម៉ត់អស់ហើយ។